Loading...
សាហាវ៖ យកកាតគ្រីឡាន៩គ្រឿងទៅបញ្ជាំ បានប្រាក់រហូតជាង១២ម៉ឺនដុល្លារ តែម្ចាស់កាតគ្រី …… – postkhnews
Breaking News

សាហាវ៖ យកកាតគ្រីឡាន៩គ្រឿងទៅបញ្ជាំ បានប្រាក់រហូតជាង១២ម៉ឺនដុល្លារ តែម្ចាស់កាតគ្រី ……

Spread the love

ភ្នំពេញ៖ បុរសម្នាក់បានយកកាតគ្រីរថយន្តចំនួន៩គ្រឿង ទៅដាក់បញ្ចាំជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ ដោយទទួលបានប្រាក់ចំនួនជាង ១២ម៉ឺនដុល្លារ តែតាមពិតមិនមានរថយន្តទាំង៩គ្រឿងនោះទេ ពោលគឺម្ចាស់លុយបានកាន់ត្រឹមតែកាតគ្រីឡានប៉ុណ្ណោះ ទីបំផុតម្ចាស់លុយដាក់ពាក្យបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការ៉ាស់សាំងសូគីមិច ផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។


ជនសង្ស័យ បានប្រព្រឹត្តបទល្មើស នៅចំណុចយានដ្ឋានលាងរថយន្ត គ្មានយីហោ នៅផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីអំឡុងក្នុងឆ្នាំ២០១៥។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រាក់ ប៊ុណ្ណា អាយុ៤៧ឆ្នាំ មុខរបរទិញ-លក់រថយន្ត ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មានឈ្មោះប្រាក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
លោកវរសេនីយ៍ទោ សុខ ហេង អធិការខណ្ឌទួលគោក បានឱ្យដឹងថា ជនរងគ្រោះបានប្រគល់ប្រាក់សរុបចំនួន ១២៧៥០០ដុល្លារ ទៅឱ្យជនសង្ស័យ ជាថ្នូរនឹងការដាក់ឡានបញ្ចាំទាំង៩គ្រឿង តែទីបំផុត ជនរងគ្រោះបានត្រឹមតែកាតគ្រីប៉ុណ្ណោះ។

លោកអធិការបន្តថា កាលពីអំឡុងក្នុងឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ ជនរងគ្រោះឈ្មោះប្រាក់ ពិសិដ្ឋ បានបើកប្រកបមុខរបរ ទិញ-លក់រថយន្ត នៅឃ្លាំងដីឡូត៍ ពុំចាំលេខ ផ្លូវលំ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅជាប់យានដ្ឋានលាងរថយន្ត របស់ជនសង្ស័យ ឈ្មោះប្រាក់ ប៊ុណ្ណា។ ក្នុងពេលនោះ ជនសង្ស័យឈ្មោះប្រាក់ ប៊ុណ្ណា បានយករថយន្តស៊េរីទំនើបចំនួន៩គ្រឿង មកបង្ហាញឱ្យជនរងគ្រោះឃើញ និងតំកល់ទុកកាតគ្រីរថយន្តខាងលើចំនួន៩សន្លឹក ឱ្យជនរងគ្រោះទុកចិត្ត រួចហើយបានយកលុយពីជនរងគ្រោះចំនួន ១២៧៥០០ដុល្លារ ទៅរកស៊ី ទិញ-លក់រថយន្ត ពេលចំណេញ ទើបយកលុយមកចែកឱ្យជនរងគ្រោះវិញ។

លោកអធិការ បានឱ្យដឹងទៀតថា ក្រោយពេលដែលយកលុយពីជនរងគ្រោះហើយ រហូតមកដល់ក្នុងឆ្នាំ២០១៥ ស្រាប់តែជនសង្ស័យ ឈ្មោះប្រាក់ ប៊ុណ្ណា បានគេចខ្លួនបាត់រហូត ព្រមទាំងបាត់រថយន្តចំនួន៩គ្រឿងខាងលើដែរ នៅសល់តែប័ណ្ណសំគាល់យានយន្ត ដែលជនសង្ស័យយកមកដាក់តំកល់នៅនឹងជនរងគ្រោះប៉ុណ្ណោះ។ ក្រោយមក ជនរងគ្រោះបានព្យាយាមស្វែងរកជនសង្ស័យឈ្មោះប្រាក់ ប៊ុណ្ណា និងរករថយន្ត ខាងលើទាំង៩គ្រឿងដែរ តែរកមិនឃើញសោះ។


លោកអធិការបានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក MERCEDES BENZ C240 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6446 ដែលជនសង្ស័យយកបង្ហាញ ក្នុងពេលតំកល់កាតគ្រី យកលុយទៅ ស្ថិតនៅស្ថានីយចាក់ប្រេងសាំងសូគីមិច ផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយរថយន្តនោះនៅនឹងឈ្មោះខៀវ សេរី ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងបើកបរ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឃាត់រថយន្តនោះ ទើបឃើញជនសង្ស័យឈ្មោះប្រាក់ ប៊ុណ្ណា មកដល់ ជនរងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះប្រាក់ ប៊ុណ្ណា និងនាំយករថយន្តខាងលើ មកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតែម្តង៕ ប្រភព៖នគរធំដេលី

Leave a Reply

Your email address will not be published. Required fields are marked *