Breaking News

ព្រះអើយ៖ ខែបុណ្យខែទានហេតុអ្វីមិនជួយលោកព្រះ​ ដួលទានវស្សាឆេះ​វិហារ និងឆ្លងចរន្ដអគ្គិសនី ឆេះសាលាឃុំសូរគង ស្រុកកងមាស, ខេត្ត កំពង់ចាម ……….

Spread the love

កំពង់ចាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន​​គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២ករណី នៅក្នុងមូលដ្ឋានខេត្តកំពង់ចាម ដោយមួយករណី ដួលទានវស្សា​ឆេះព្រះវិហារ វត្តស្រង៉ែ ស្រុកព្រៃឈរ បំផ្លាញសម្ភារអស់មួយចំនួន និងមួយករណីទៀត ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆេះសាលាឃុំសូរគង ស្ថិតក្នុងស្រុកកងមាស​។


ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ចំពោះករណីឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរនេះ បានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ដោយសារតែដុតទានវស្សាទុកចោល ​​ដោយគ្មានអ្នកមើលខុសត្រូវ ស្រាប់តែដួលក៏បង្កជាគ្រោះអគ្គិ​ភ័យតែម្ដង។ ​

ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់បញ្ជាឲ្យលោកអធិការនគរបាលស្រុកព្រៃឈរ និងលោកអធិការនគរបាលស្រុកជើងព្រៃ ដឹកនាំកម្លាំងផ្នែកជំនាញ និង​ប៉ុស្តិ៍ ចុះជួយធ្វើអន្តរាគមន៍​បានទាន់ពេលវេលា និង​គ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់​រថយន្តពន្លត់អគ្គីភ័យចំនួន​០២​គ្រឿង ប្រើប្រាស់ទឹកចំនួន​០២​ស៊ឺទែន។ គ្រោះថ្នាក់សង្គមនេះ បានបំផ្លាញ​សម្ភារតុបតែង បាល័ង្កព្រះ, ខូចខាតផ្ទាំង គំនូរពិដាមួយចំនួន, ខូចខាតការូមួយចំនួន និង​សម្ភារមួយចំនួនទៀត តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

ដោយឡែកមួយករណីទៀត គឺឆេះសាលាឃុំសូរគង ស្ថិតក្នុង​​ភូមិកោះង៉ោទី២ ឃុំសូរគង ស្រុកកងមាស ដោយសារតែឆ្លងចរន្ដអគ្គិសនី។ ​ក្រោយទទួលបានព័ត៌មាន លោកបានចាត់ឲ្យរថយន្តនគរបាលពន្លត់អគ្គីភ័យរបស់ស្រុកកងមាស ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយអំណាចភ្លើងខ្លាំងពេក ភ្លើងក៏បានឆេះសាលាឃុំអស់ទាំងស្រុង ប៉ុន្តែមិនឆេះរាយដាលបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទេ។ ក្នុងនោះ​បណ្តាលខូចខាតសាលាឃុំទាំងស្រុង និងឆេះបញ្ជីគ្រួសារក៣របស់ប៉ុស្តិ៍សូរគងទាំងអស់ ដែលយកឲ្យលោកស្រីមេឃុំចុះហត្ថលេខា។


ទន្ទឹមនឹងគ្រោះថ្នាក់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាពព័ត៌មាន និងសូមធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ពិសេសរដូវនេះជារដូវភ្ជុំបិណ្ឌ ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ​ដូចជាការអុជទាន ធូក ចរន្ដអគ្គិសនី នៅពេលធ្វើដំណើរចេញទៅណាមកណា ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។

បើតាមលោកឧត្ដមសេនីយ៍ស្នងការ ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វីកើតឡើង ត្រូវតែទាក់ទងទៅ​កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឲ្យចេញជួយអន្ដរាគមន៍ឲ្យបានទាន់ពេលវេលា៕​

Leave a Reply

Your email address will not be published. Required fields are marked *