
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្រ្តីម្នាក់បានសម្រេច ជិះរត់គេចមិនរួច កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ឡេង ផល្លា ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទី១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ក្នុងនោះសម្ភរៈដកហូត៖ កាបូបយួរដៃចំនួន០១,ទូរសព្ទ័ដៃម៉ាកអាយហ្វូន០២គ្រឿង , លុយដុល្លារចំនួន១០០ដុល្លារ, លុយខ្មែរចំនួន ៦០០,០០០រៀល(ប្រគល់ឲ្យជនរងគ្រោះវិញ) និងម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GS-9889 របស់ជនសង្ស័យ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីចេញេពីផ្ទះ សង្កាត់ទឹកល្អក់ទី៣ ក្នុងគោកលបំណងមកផ្សារអ៊ីអន២ តែពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមកជិតជនរងគ្រោះ ធ្វើសកម្មភាពឆក់យកកាបូបបានរួចគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថាចោរៗ ។
ស្របពេលនោះកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញហេតុការណ៍បានធ្វើការដេញតាមចាប់បានជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនិតិវិធីបន្តតាមផ្លូវច្បាប់៕