
រាជធានីភ្នំពេញ៖ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីជាង២ពាន់នាក់បាននាំគ្នាធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាមនោះទេ ដោយនាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែចំនួន១២ដុល្លារ និងប្រាក់បំណាច់ផ្សេងៗ ដូចកម្មកររោងចក្រផងដែរ ដែលធ្វើឲ្យសំរាមកកស្ទះនៅតាមដងផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅទីតាំងការ៉ាសរថយន្តស៊ីនទ្រី ផ្លូវបេតុងបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែធ្នូ ។
តាមប្រភពពីកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបានឱ្យដឹងថា ចំពោះមូលហេតុដែលពួកគាត់មិនព្រមចេញប្រមូលសំរាមនៅយប់នេះ ដោយសារតែប្រាក់ខែពួកគាត់បានចែកជា២វេន គឺវេនយប់ហើយនិងថ្ងៃ ដោយអ្នកធ្វើការវេនថ្ងៃទទួលបានប្រាក់ខែចំនួន៥១ម៉ឺនរៀល ចំណែកអ្នកធ្វើការវេនយប់ទទួលបានប្រាប់ខែ៦១ម៉ឺនរៀល ។
ពួកគាត់មាននាំគ្នាធ្វើការតវ៉ាទាមទារអោយខាងក្រុមហ៊ុនដំឡើងប្រាក់ខែចំនួន១២ដុល្លារលើប្រាក់ខែគោលរបស់ពួកគាត់បន្ថែមទៀត ព្រមទាំងសុំអោយក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព មានប្រាក់បំណាច់ឆ្នាំ និងប្រាក់ហូបចុកដូច កម្មករ កម្មការនី រោងចក្រដែរ ។
ក្នុងហេតុការណ៍ធ្វើកូដកម្មនេះដែរ ក៏មានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងកម្មករស៊ីនទ្រីគ្នាឯងផងដែរ ព្រោះមានអ្នកខ្លះចង់បានប្រាក់ខែប៉ុណ្ណឹងដដែល ហើយអ្នកខ្លះទៀតទាមទារដំឡើងប្រាក់ខែ ។
ដោយឡែកខាងក្រុមហ៊ុនវិញក៏បានហៅតំណាងខាងកម្មករអោយចូលចរចាគ្នា ដោយខាងក្រុមហ៊ុនដំឡើងប្រាក់ខែអោយដែរ តែតម្លៃទាបពេក គឺត្រឹមតែ៦ដុល្លារ ទើបពួកគាត់ជាកម្មករទទួលយកមិនបាន គឺទាម
ទារ១២ដុល្លារ ទើបព្រមចូលធ្វើការវិញ ។ ចំពោះការ ធ្វើកូដកម្មមិនព្រមចេញប្រមូលសំរាមនេះធ្វើឲ្យសំរាមកកស្ទះនៅតាមដងផ្លូវគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ ៕
ប្រភព៖ កោះសន្តិភាព