Loading...
Breaking News

២ថ្ងៃហើយហេតុអីមិនព្រមដោះស្រាយឲ្យ៖ កម្មករ​កម្មការិនីធ្វើ​កូដកម្ម​តវ៉ា ដោយ​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ ​ដែលថៅកែរោងចក្រមិនព្រមបើកឲ្យ ខណៈជិតដាច់ឆ្នាំហើយ ……………..

រាជធានី​ភ្នំពេញ៖ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ដែល​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ យីហោ​«SEDUNO INVESTMENT CAMBO FASHION Co,LTD » បាន​ធ្វើ​កូដកម្ម​តវ៉ា​មិន​ចូល​ធ្វើការ ដោយ​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ​ពី​ថៅកែ​រោងចក្រ ។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ និង​អូស​បន្លាយពេល​ដល់​វេលា​ព្រឹក ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្មករ​-​កម្ម​ការ​នី​រោងចក្រ​ខាងលើ​នោះ​មាន​ចំនួន​សរុប​១០៤០​នាក់ បាន​ធ្វើ​ពហិការ​មិន​ព្រម​ចូល​ធ្វើការ​ដោយ​នាំ​គ្នា​ប្រមូលផ្ដុំ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ជួយ​ទូរ​ទាត់​ប្រាក់​បំណាច់​ផ្ដាច់​កិច្ចសន្យា​ចាស់ ដែល​ធ្វើ​កន្លង​មក​ឲ្យ​បាន​មុន​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការ​តវ៉ា​តាម​បែប​សន្តិវិធី​គ្មាន​អំពើ​ហិង្សា ហើយ​ចំពោះ​ការ​តវ៉ា​នេះ​ពុំ​មានការ​ដឹកនាំ​ពី​សហព័ន្ធ​សហជីព​ណាមួយ​នោះ​ឡើយ ។

កម្មករ​បាន​និយាយ​ថា ពួក​គាត់​ម្នាក់​ៗ​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នេះ​រយៈពេល​ចាប់ពី​ជាង​៥​ឆ្នាំ ដល់​១០​ឆ្នាំ​កន្លង​មក​ហើយ មិន​ដែល​ធ្លាប់​បាន​ទទួល​ប្រាក់​បំណាច់​ឆ្នាំ​ពី​ខាង​រោងចក្រ​ម្ដងណា​ឡើយ ។ ដែល​ប្រការ​នេះ​ខុស​ប្លែក​ពី​បណ្ដា​រោងចក្រ​សហគ្រាស​ផ្សេង​ៗ​ទៀត ដែល​គេ​តែង​ទទួល​បាន​ប្រាក់​បំណាច់​ជា​រៀង​រាល់​ឆ្នាំ និង​មាន​គោលការណ៍​ច្បាស់លាស់​រវាង​កម្មករ​ជាមួយ​ថៅកែ​រោងចក្រ​ផង​ដែរ ។


កម្មករ​បាន​បន្ត​ថា ប៉ុន្តែ​ទោះបីជា​បែប​ណា​កាលពី​ពេល​កន្លង​ទៅ​ខាង​រោងចក្រ​ធ្លាប់​ធ្វើ​កិច្ចសន្យា​នឹង​បើកប្រាក់​បំណាច់​ឆ្នាំ​ជូន​ពួក​គាត់​អោយ​បាន​មុខ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កិច្ចសន្យា​អត់​ន័យ​រហូត​មក​ទល់​ថ្ងៃនេះ​ហើយ ខាង​រោងចក្រ​មិន​បាន​បើកប្រាក់​បំណាច់​ឆ្នាំ​តាម​កិច្ចសន្យា​នៅឡើយ ។ ដោយសារ​តែ​បែប​នេះ​ទើប​ពួក​គាត់​នាំ​គ្នា​ទាមទារ​ដោយ​មិន​បាន​ធ្វើការ​តវ៉ា​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​ថៅកែ​ហាក់​ធ្វើ​មិនដឹងមិនឮ ទើប​ពួក​គាត់​ធ្វើ​កូដកម្ម​ទាមទារ​បែប​នេះ​តែ​ម្ដង​ព្រោះ​អី​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​២០១៨ និង​ត្រូវ​បញ្ចប់​ឈាន​ចូល​ឆ្នាំ​២០១៩ ។

ចំណែកឯ​កិច្ចសន្យា​ចាស់​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​មុន​ៗ​ត្រូវ​បាន​បញ្ចប់​ដែរ ហើយ​កិច្ចសន្យា​ថ្មី និង​ត្រូវធ្វើ​ឡើង​បន្ត​ទៀត​ដែរ ។ ក្រោយ​ពី​កម្មករ​តវ៉ា​ខាង​ថៅកែ​រោងចក្រ​បាន​ជួប​ធ្វើការ​ដោះស្រាយ​ជាមួយ​កម្មករ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ផង​ដែរ ប៉ុន្តែ​ដោះស្រាយ​មិន​ត្រូវរ៉ូវ​គ្នា​ឡើយ ដោយ​កម្មករ​បាន​ទាមទារ​ប្រាក់​បំណាច់​ពេញ​១០០​ភាគរយ​ក្នុង​ពេល​តែ​មួយ ។


ចំណែក​ខាង​ថៅកែ​រោងចក្រ​គ្មាន​លុយ​សម្រាប់​ចែក​ផ្ដាច់​ម្ដង​ទាំង​អស់នោះ​ទេ គឺ​សុំ​បើក​រំលស់​ម្ដង​បន្តិច​ៗ​តាម​លទ្ធភាព​ដែល​មាន និង​អាច​ទៅ​រួច​ប៉ុណ្ណោះ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​មិន​ត្រូវ​គ្នា ហើយ​ការ​តវ៉ា​រហូត​បាន​អូស​បន្លាយពេល​ជា​បន្តបន្ទាប់​បែប​នេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *